Wednesday, November 12, 2014

ស្រៈខ្មែរមានចំនួនប៉ុន្មាន?​ ១៦ ២១ ឬ ២៣?

ដំបូង​សុំ​ចាប់​ផ្តើម​ពី​វចនានុក្រម។ ពី​ព្រោះ​អ្នក​ប្រើប្រាស់​ភាសា​ខ្មែរ​ភាគ​ច្រើន​ពឹង​ផ្អែក​ទៅ​លើ​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត។

ក្នុង​វចនានុក្រម​សម្តេច​សង្ឃ​បោះ​ពុម្ព​លើក​ចុង​ក្រោយ ក្នុង​ឆ្នាំ​១៩៦៨ កំណត់​យក​ស្រៈ​និស័យ​ខ្មែរ​ចំនួន ២១ រួម​មាន អ អា អិ អី អឹ អឺ អុ អូ អួ អើ អឿ អៀ អេ អែ អៃ អោ អៅ អុំ អំ អាំ អះ។

រហូត​មក​ដល់​ពេល​នេះ ខ្មែរ​យើង​នៅ​មិន​ទាន់​បង្កើត​បាន​វចនានុក្រម​ថ្មី​មក​ចំនួស​វចនានុក្រម​សម្តេច​សង្ឃ​រាជ ជួន ណាត បាន​នៅ​ឡើង ហើយ​វចនានុក្រម​នេះ​ពិត​ជា​មាន​លក្ខណៈ​ប្រពៃ​ដែល​មនុស្ស​ជា​ច្រើន​ជំនាន់​ទទូល​ស្គាល់។ ក៏​ប៉ុន្តែ​វា​មាន​បញ្ហា​ត្រង់​កន្លែង​កំណត់​យក​ចំនួន​ស្រៈ​ខ្មែរ ធ្វើ​ឲ្យ​អ្នក​សិក្សា​ស៊ីជម្រៅ​ផ្នែក​ភាសា​ខ្មែរ​ក្នុង​ទស្សវត្ស​ឆ្នាំ១៩៩០ ចាត់​ទុក​ថា​ជា​កង្វះ​ខាត​មួយ។ កង្វះ​ខាត​ដែល​បន្សល់​ទុក​បញ្ហា​មក​ដល់​សព្វ​ថ្ងៃ​គឺ "បញ្ហា​ស្រៈ អះ (ះ)" នេះ​ឯង។

ក្នុង​ផ្នែក​រៀបរាប់​អំពី​ស្រៈ វចនានុក្រម​ហៅ​សញ្ញា (ះ) ថា​ស្រៈ អះ ក៏​ប៉ុន្តែ​ក្នុង​ទំព័រ​១១៥៧ ត្រង់​កន្លែង​ពន្យល់​អំពី​វណ្ណយុត្ត​ខ្មែរ វចនានុក្រម​ដដែល​នេះ​បែ​ជា​ចាត់​ទុក​សញ្ញា (ះ) ជា​វណ្ណយុត្ត​ទីមួយ ដែល​មាន​ឈ្មោះ​ថា វិសជ៌នី ឬវិសគ៌ៈ ទៅ​វិញ (មើល​រូបភាព​ខាង​ក្រោម)។

ដោយ​ហេតុ​នេះ​ហើយ មុន​នឹង​ស្នើ​ឲ្យ​ដាក់​អក្សរ​ខ្មែរ​ចូល​ក្នុង​តារាង Unicode អ្នក​សិក្សា​ស្រាវជ្រាវ​ខ្មែរ​បាន​ពិភាក្សា​គ្នា​ជា​ច្រើន​លើក រួច​ក៏​មាន​ការ​ឯកភាព​ក្នុង​អង្គ​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​១៨ កក្កដា ឆ្នាំ១៩៩៦ (មើលឯកសារ)។ តាម​ពិត​បញ្ហា​គួរ​តែ​ចប់​ទាំង​ពេល​នោះ ប្រសិន​បើ​គ្មាន​ការ​ជ្រៀត​ជ្រេក​ពី​សំណាក់​អ្នក​នយោបាល និង​អ្នក​ផ្តល់​ជំនួយ។

ការ​ឯកភាព​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​នោះ​គឺ សម្រេច​យក​ស្រៈ​ខ្មែរ​តែ១៦ ដោយ​មិន​គិត​ស្រៈ អ រួម​មាន អា អិ អី អឹ អឺ អុ អូ អួ អើ អឿ អៀ អេ អែ អៃ អោ អៅ។ ចំណែក អំ និង អះ ត្រូវ​បាន​ចាត់​ទុក​ក្នុង​ចំណោម​វណ្ណយុត្ត ហើយ​ស្រៈ អុំ និង អាំ ដែល​មាន​វណ្ណយុត្ត​រួម​ផ្សំ ត្រូវ​បាន​ចាត់​ទុក​ថា​ស្រៈ​ផ្សំ គឺ​ត្រូវ​ចុច​ ២​ដង ដូច​ជា អុំ​ = អ + ុ + ំ ជា​ដើម។ ការ​សម្រេច​នេះ​ត្រូវ​បាន​អ្នក​បច្ចេកទេស​គាំទ្រ ជា​ពិសេស​អ្នក​ធ្លាប់​បង្កើត​ក្កាចុច​ខ្មែរ (Keyboard)។ ពី​ព្រោះ​អក្សរ​ខ្មែរ​យើង​មាន​សញ្ញា​ច្រើន​ណាស់​បើ​ប្រៀបធៀប​នឹង​អក្សរ​របស់​ជាតិ​សាសន៍​ដដៃ។ ការ​សម្រេច​យក​វិធី​ស្រៈ​ផ្សំ​ចុច​២​ដង ធ្វើ​ឲ្យ​អ្នក​រៀន​វាយ​អក្សរ​ខ្មែរ​ចំណេញ​ពេល​ក្នុង​ការ​ចងចាំ។

ប៉ុន្តែ​ពេល​ចេញ Unicode ដែល​មាន​អក្សរ​ខ្មែរ​ដំបូងក្នុង​ឆ្នាំ​១៩៩៩ អនុលោម​​តាម​សំណើរ​របស់​អ្នក​ស្រាវជ្រាវ​ភាសា​ខ្មែរ​ខាង​លើ បែ​រជា​មាន​ការ​ជំទាស់​ពីសំណាក់អ្នក​នយោបាយ​ថា​ខ្វះ​ស្រៈ ដោយ​មិន​ស្តាប់​ហេតុផល​អំពី​ស្រៈ​ផ្សំ និង​ការ​វែកញែក​របស់​អ្នក​ស្រាវជ្រាវ ហើយ​អ្នក​ផ្តល់​ជំនួយ និង​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ក៏​គាំទ្រ​អ្នក​នយោបាយ មិន​គាំទ្រ​អ្នក​ភាសាវិទ្យា និង​អ្នក​បច្ចេកទេស​ទេ។ ដូច្នោះ​ហើយ​ទើប​យើង​ឃើញ​ក្ដាចុច​ខ្មែរ​មួយ​ចំនួន​មាន​ស្រៈ​ច្រើន​ជាង​១៦ មិន​មែន​២១ តាម​វចនានុក្រម​ទេ គឺ២៣ ការ​បង្កើត​ឲ្យ​មាន​ស្រៈ​ច្រើន​ដូច្នោះ​ដើម្បី​យក​ចិត្ត​អ្នក​នយោបាយ។

សរុប​សេចក្តី​មក ក្នុង​តារាង Unicode មាន​ស្រៈ​ខ្មែរ ១៦ គឺ​តាម​សំណើរ​របស់​អ្នក​ស្រាវ​ជ្រាវ រីឯ​អ្នក​ដែល​គិត​អំពី​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​ទៅ​អនាគត​ក៏​គួតែ​គោរព​ស្តង់ដារ Unicode។